គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលវាយលុកទីផ្សារមជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង

កាលបរិច្ឆេទ: ០៨ តុលា ២០២១ / ម្ហូបអាហារ

ក្រោមការផ្តួចផ្តើមគំនិតរបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដោយមានការសហការជាមួយគម្រោង Feed the Future Cambodia Harvest II ឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធី «បេសកកម្មនាំចេញទៅមជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង» (ហៅកាត់ថា Mesa) ត្រូវបានបង្កើតឡើងនៅលើទំព័រអ៊ីន​ធឺណិត ក្នុងនោះក៏មានក្រុមហ៊ុនខនហ្វីរេលផងដែរ។

កម្មវិធីនេះបង្កើតឡើងក្នុងបំណងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសមត្ថភាពផលិតរបស់ក្រុមហ៊ុនជាតិផលិតចំណីអាហារដែលល្អសម្រាប់សុខភាព និងប្រកបដោយគុណភាព និងជួយផ្សព្វផ្សាយឲ្យបណ្តាប្រទេសក្នុងតំបន់បានស្គាល់ក្រុមហ៊ុនទាំងនោះផងដែរ។ តំបន់ Mesa ប្រមូលផ្តុំទៅដោយប្រទេសប្រមាណជា២០ប្រទេសរួមមាន ប្រទេសអាល់ហ្សេរី បារ៉ែន អេហ្សីប អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្សកដានី កូវែត លីបង់ លីប៊ី ម៉ារ៉ុក អូម៉ង់ ដែនដីប៉ាឡេស្ទីន ប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត ស៊ូដង់ ស៊ីរី ទុយណេស៊ី អារ៉ាប់រួម តំបន់សាហារ៉ាខាងលិច និងប្រទេសយេមេន។ គឺជាតំបន់ដែលមានដង់ស៊ីដេប្រជាជនខ្ពស់ និងមានវប្បធម៌ចម្រុះសម្បូរបែប លាតសន្ធឹងលើទ្វីបចំនួនបី។ កាលពីឆ្នាំ២០១៨ ប្រជានជនសរុបនៅតំបន់នោះមានចំនួន៦០០លាននាក់។

កម្មវិធីនេះប្រព្រឹត្តទៅជាពីរដំណាក់កាល ហើយមានក្រុមហ៊ុនចូលរួមចំនួន២៥។​ ដំណាក់កាលទីមួយ គឺពិព័រណ៍តាមអនឡាញនៅថ្ងៃទី២៨ និង២៩ កញ្ញា។ ដំណាក់កាលទីពីរ គឺពិព័រណ៍ផលិតផលសរីរាង្គ និងធម្មជាតិនៅមជ្ឈឹមបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៨ ធ្នូ នៅទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសអារ៉ាប់រួម។

បើតាមប្រសាសន៍របស់លោកម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ធំលើកទីមួយសម្រាប់ប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនឲ្យសាធារណជននៅតំបន់ Mesa បានស្គាល់ ហើយក៏ជាឱកាសសម្រាប់បង្កើតបណ្តាញពាណិជ្ជកម្មជាមួយអតិថិជន ក្រុមហ៊ុនចែកចាយ ក្រុមហ៊ុននាំចេញ ក៏ដូចជាតួអង្គផ្សេងៗទៀតដែលអាចក្លាយជាដៃគូសហការនៅក្នុងតំបន់ផងដែរ។

នៅក្នុងសេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ អ្នកស្រី Jhaveri ប្រធានគម្រោង Harvest II បានគូសបញ្ជាក់ថា៖​ «ក្រុមហ៊ុនខ្មែរជាច្រើនដែលកាន់តែយល់ច្បាស់ពីលក្ខខណ្ឌរបស់ទីផ្សារអន្តរជាតិ បានជ្រើសរើសបទដ្ឋានថ្មីទាក់ទិននឹងគុណភាពទំនិញ ការវេចខ្ចប់ និងសុវត្ថិភាពទំនិញ សម្រាប់អតិថិជនរបស់ខ្លួន និងបានពង្រីកការនាំចេញបន្ថែមទៀត»។

បើទោះបីជាក្រុមហ៊ុនខនហ្វីរេលបាននាំចេញផលិតផលម្រេចកំពតដែលមានស្លាកសញ្ញា IGP និងវិញ្ញាបនបត្រ Ecocert និងផលិតផលផ្សេងៗទៀតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិហើយក្តី​ ក៏ក្រុមហ៊ុននេះមិនទាន់បាននាំចេញទៅទីផ្សារនៅតំបន់ Mesa នៅឡើយទេ។ អ្នកស្រី ហោ ដាវី ជំនួយការផ្នែកនាំចេញមកពីក្រុមហ៊ុនខនហ្វីរេល មានប្រសាសន៍ក្នុងឱកាសបើកសម្ពោធកម្មវិធីថា៖ «យើងសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងអាចផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនយើងទៅដល់បណ្តាប្រទេសនៃតំបន់ Mesa និងដើម្បីឲ្យពួកគេស្គាល់កាន់តែច្បាស់ពីផលិតផលរបស់ខ្មែរ»៕